This article is from ECHO Asia Note # 43
[កំណត់ត្រារបស់អ្នកនិពន្ធ៖ លោកបណ្ឌិត Bates គឺជាមិត្តភ័ក្តិ និងជាដៃគូដ៏យូរលង់មកហើយរបស់អេកូ ហើយបានបម្រើ បណ្តាញកាន់តែធំតាមវិធីផ្សេងៗជាច្រើនឆ្នាំកន្លងមក រួមទាំងកិច្ចសហការស្រាវជ្រាវ ការប្រឹក្សា និងការសរសេរបច្ចេកទេស។ ខ្លឹមសារនៃអត្ថបទនេះ គឺជាលទ្ធផលនៃការចូលរួមរបស់បណ្ឌិត Bates នៅក្នុងគម្រោងអភិវឌ្ឍន៍កសិកម្មរបស់ USAID នៅកម្ពុជា ដែលបានគាំទ្រដោយ Feed the Future Innovation Lab for Collaborative Research on Sustainable Intensification (SIIL)។]
បញ្ហាប្រឈមនៃផលិតកម្មប៉េងប៉ោះនៅរដូវវស្សា
ប៉េងប៉ោះពិបាកដាំដុះក្នុងរដូវភ្លៀងមូសុងសំណើម និងក្តៅនៅតំបន់អាស៊ីអាគ្នេយ៍។ ការរួមបញ្ចូលគ្នានៃ ដីដែលជាំទឹក បានកើនឡើងនូវសម្ពាធជំងឺ និងសីតុណ្ហភាពខ្ពស់ ជារឿយៗវាសម្លាប់កូនប៉េងប៉ោះដែលស្ទូងរួច ឬកាត់បន្ថយទិន្នផលយ៉ាងខ្លាំង។ ជាដំណាំដែលត្រូវបាននាំចូល ដែលមានដើមកំណើតមកពីអាមេរិកខាងត្បូង ប៉េងប៉ោះមិនត្រូវបានបន្ស៊ាំល្អទៅនឹងអាកាសធាតុ និងដីអាស៊ីអាគ្នេយ៍ទាំងអស់នោះទេ ហើយគេអាចតស៊ូផលិតក្នុង លក្ខខណ្ឌសើមនៃតំបន់។
ប៉េងប៉ោះជាច្រើនដែលបានរកឃើញនៅលើទីផ្សារ ហើយបានប្រើប្រាស់ដោយភោជនីយដ្ឋាន និង សណ្ឋាគារក្នុងរដូវវស្សា គឺត្រូវបាននាំចូល ឬដាំដុះតាមផ្ទះកញ្ចក់ ដែលមានតម្លៃថ្លៃជាពិសេស។ នេះផ្តល់ឱកាស ពិសេសមួយសម្រាប់កសិករក្នុងស្រុកណាមួយដែលមានសមត្ថភាពផលិតដោយជោគជ័យទៅកាន់ទីផ្សារក្នុងអំឡុងពេលនៃ "រដូវដែលមានគ្មានប៉េងប៉ោះ" នេះ។ ខណៈពេលដែលការដាំប៉េងប៉ោះនៅលើធ្នើរ ឬនៅក្រោមដំបូល ការពារទឹកភ្លៀងកំពុងក្លាយជាការអនុវត្តទូទៅ ការផ្សាំនេះ គឺជាវិធានបន្ថែមដែលអាចប្រើដោយកសិករ ដើម្បីផលិត ប៉េងប៉ោះ ជាមួយនឹងប្រាក់ចំណេញបានប្រសើរឡើង។
លក្ខខណ្ឌ និងនិយមន័យ
ស្រទាប់ Cambium- តំបន់នៃដើមដែលប្រព័ន្ធនៃការបញ្ជូនសារធាតុចិញ្ចឹមត្រូវបានបង្កើតឡើង។ ក្នុងអំឡុងពេលនៃការផ្សាំ ស្រទាប់នេះ ត្រូវតែតម្រៀបរវាងខ្នែង/មែកផ្សាំ និងដើមទម្រ ដើម្បីឱ្យប្រព័ន្ធនៃការបញ្ជូនសារធាតុចិញ្ចឹមអាចផ្ស៊ីគ្នាទៅវិញ ទៅមកបាន។
តំណភ្ជាប់ផ្សាំ (កន្លែងតំណភ្ជាប់នៃការផ្សាំ)- ចំណុចដែលខ្នែង/មែកផ្សាំ និងដើមទម្រត្រូវបានផ្ស៊ីគ្នា ដែលការបញ្ជូនសារធាតុចិញ្ចឹមត្រូវបានបង្កើតឡើង។
ដើមទម្រ (ចាប់ពីកន្លែងតំណភ្ជាប់ផ្សាំរហូតដល់ឫស)- ផ្នែកខាងក្រោម ឬក្នុងដីចាប់ពីកន្លែងតំណភ្ជាប់ផ្សាំរហូតដល់ឫស។ ជារឿយៗត្រូវបានជ្រើសរើសសម្រាប់ការបន្ស៊ាំ របស់រុក្ខជាតិទៅនឹងដីក្នុងតំបន់ និងលក្ខខណ្ឌនៃការលូតលាស់ (ឧទាហរណ៍ៈ ដីលិចទឹក)។
ខ្នែង/មែកផ្សាំ - ផ្នែកខាងលើនៃរុក្ខជាតិដែលផ្ទុកដោយសែនដែលចង់បាន ឬលក្ខណៈសម្រាប់ផលិតកម្ម (ឧទាហរណ៍ ផ្នែកដែលផ្តល់ ផ្លែ រូបរាង រសជាតិ ភាពធន់នឹងជំងឺជាដើម។ល។)
ប្រព័ន្ធនៃការបញ្ជូនសារធាតុចិញ្ចឹម- បណ្តុំនៃជាលិការុក្ខជាតិចាំបាច់សម្រាប់ការដឹកជញ្ជូនទឹក និងសារធាតុចិញ្ចឹមពីឫសរហូតដល់ស្លឹក។
ការផ្សាំប៉េងប៉ោះទៅលើដើមទម្រត្រប់វែងដែលបន្ស៊ាំក្នុងមូលដ្ឋាន
ដោយការផ្សាំមែកប៉េងប៉ោះដែលតម្រូវតាមទីផ្សារ លើដើមត្រប់វែងដែលបានជ្រើសរើស (រូបទី១) ដែលជា ដំណាំមួយមានដើមកំណើតនៅអាស៊ី យើងអាចបង្កើនកម្លាំងធន់ទ្រាំរបស់ត្រប់វែង ទៅនឹងទឹកជំនន់ ជំងឺស្លោកស្លឹក ដោយសារបាក់តេរី ជំងឺស្លោកស្លឹងដោយសារ fusarium និងជំងឺពកឫសដោយសារពពួកណេម៉ាតូត។ នៅទីបញ្ចប់ រុក្ខជាតិដែលបានផ្សាំ នឹងរួមបញ្ចូលគ្នានូវលក្ខណៈមានប្រយោជន៍ ទាំងរុក្ខជាតិខ្នែង/មែកផ្សាំ និងដើមទម្រ។ ដំណើរការនេះនៅតែមានលក្ខណៈគ្រប់គ្រាន់ ហើយចំណេះដឹងដែលត្រូវការ គឺតិចតួច ដែលធ្វើឱ្យវាក្លាយជាជម្រើស ដ៏មានអត្ថប្រយោជន៍សម្រាប់កសិដ្ឋានគ្រប់ខ្នាត។
កត់សម្គាល់ថា ប៉េងប៉ោះ (Solanum lycopersicum) និងត្រប់វែង (Solanum melongena) គឺជាសមាជិកនៃគ្រួសាររុក្ខសាស្ត្រដូចគ្នា Solanaceae ដែលធ្វើឱ្យពួកវាភ្ជាប់ជាមួយគ្នាបាន។ ប៉េងប៉ោះ គឺអាចផ្សាំ នឹងពូជប៉េងប៉ោះដទៃទៀត ក៏ដូចជាប្រភេទផ្សេងទៀតនៅក្នុងគ្រួសារនេះ ដែលផ្តល់នូវសក្តានុពលនៃការផ្សាំចម្រុះ។
ការផ្សាំដើមប៉េងប៉ោះដោយជោគជ័យមាន៣ដំណាក់កាល៖
១. មុនពេលផ្សាំៈ កន្លែងផ្សាំ ឧបករណ៍ និងការផ្គត់ផ្គង់ ហើយដើមទម្រ និងខ្នែង/មែកផ្សាំ ដែលមានសុខភាពល្អ បានរៀបចំ និងប្រមូលផ្តុំ
២. ការផ្សាំខ្នែង/មែកផ្សាំ និងដើមទម្រ
៣. ក្រោយការផ្សាំៈ ដើមដែលបានផ្សាំ ត្រូវបានអនុញ្ញាតឱ្យវាស៊ីគ្នាជាមុនសិន មុនពេលយកវាទៅដាំនៅទីវា/ចម្ការ។ ដំណើរការទាំងមូល ចាប់ពីការផ្សាំលើថ្នាលរហូតដល់ការដាំលើដី ជាធម្មតាត្រូវចំណាយពេលប្រហែល ៥សប្តាហ៍ (រូបទី២ ទំព័រទី៥)។
អត្ថបទនេះណែនាំពីបច្ចេកទេសជាមូលដ្ឋាននៃការផ្សាំដោយបំបែក ដោយទាញចេញពីបទពិសោធន៍ ជាមួយកសិករខ្នាតតូចនៅកម្ពុជា។
ការរៀបចំពូជនៃខ្នែង/មែកផ្សាំ និងដើមទម្រ
ដើម្បីឱ្យការរៀបចំផ្សាំទទួលបានជោគជ័យ ស្រទាប់ cambium នៃដើមទម្រ និងខ្នែងផ្សាំ ត្រូវតែ តម្រឹមវាឱ្យបានល្អ និងដាក់វាឱ្យត្រួតស៊ីគ្នាទៅវិញទៅមក។ ដូច្នេះដើមរុក្ខជាតិនៃខ្នែងផ្សាំ និងដើមទម្រ ត្រូវតែមានអង្កត់ផ្ចិតដើមប្រហាក់ប្រហែលគ្នានៅពេលផ្សាំ (រូបទី៤)។ ទោះជាយ៉ាងណាក៏ដោយ រុក្ខជាតិដើមទម្រ និង ខ្នែងផ្សាំ អាចនឹងមិនដុះ ឬលូតលាស់ក្នុងអត្រាដូចគ្នានោះទេ។ អនុវត្តបច្ច័យពិសោធន៍ដំបូងមួយ ដើម្បីកំណត់ អត្រាលូតលាស់នៃរុក្ខជាតិដើមទម្រ និងខ្នែង/មែកផ្សាំ នៅក្នុងបរិយាកាសលូតលាស់របស់អ្នក។ ដោយផ្អែកលើ លទ្ធផលពូជទាំងពីរនៃដើមទម្រ និងខ្នែង/មែកផ្សាំ ពួកវារួចរាល់សម្រាប់ការផ្សាំក្នុងរយៈពេល ១៤-២១ថ្ងៃ។ នៅក្នុងបទពិសោធន៍របស់យើងនៃការផ្សាំមែកប៉េងប៉ោះនៅលើដើមទម្រត្រប់វែង ការបណ្តុះត្រប់វែង ២-៤ថ្ងៃ មុនពេលដែលប៉េងប៉ោះផ្តល់ផលនៃអង្កត់ផ្ចិតដើមស្រដៀងគ្នា។ ពូជរុក្ខជាតិត្រូវដាំឱ្យច្រើនជាងតម្រូវការ ដើម្បី ឱ្យអ្នកមានជម្រើសកាន់តែច្រើន ក្នុងការជ្រើសរើសបាននូវរុក្ខជាតិដែលមានអង្កត់ផ្ចិតដើមត្រូវគ្នា។ វាកម្រនឹង ទទួលបានការនៅរស់រហូតដល់ ១០០ភាគរយណាស់ ដូច្នេះវាតែងតែត្រូវបានណែនាំអោយផ្សាំរុក្ខជាតិបន្ថែម ដើម្បីជំនួសឱ្យ រុក្ខជាតិផ្សាំទទួលបរាជ័យ។
និតិវិធីក្នុងការផ្សាំ
វិធីសាស្រ្តទូទៅចំនួនពីរសម្រាប់ការផ្សាំប៉េងប៉ោះនៅលើដើមទម្រត្រប់វែង គឺការផ្សាំដោយច្រៀកពុះ ដើមទម្រ (ដើមទម្រធំជាងមែកផ្សាំ) និងការផ្សាំដោយតភ្ជាប់ (មុខនៃដើមទម្រ និងមែកផ្សាំស៊ីគ្នា)។ វិធីសាស្រ្តនៃការ ផ្សាំមួយ អាចត្រូវបានជ្រើសរើសដោយផ្អែកលើអង្កត់ផ្ចិតដើមនៃមែកផ្សាំ និង ដើមទម្រ។ ការផ្សាំដោយតភ្ជាប់ទាមទារឱ្យអង្កត់ផ្ចិតនៃដើមទម្រ និងមែកផ្សាំសសឹងតែដូចគ្នាបេះបិទ។ ការផ្សាំដោយច្រៀកពុះដើមទម្រ ទំនោរអនុញ្ញាត ឱ្យមានភាពខុសគ្នាខ្លាំងជាងគ្នាបន្តិចនៃអង្កត់ផ្ចិតរបស់ដើមទម្រ និងមែកផ្សាំ។ ដូច្នេះ ការផ្សាំដោយច្រៀកពុះ ដើមទម្រ អាចជាការល្អសម្រាប់អ្នកផ្សាំថ្មី ឬនៅពេលមានភាពខុសគ្នាខ្លាំងនៃទំហំរបស់ដើមទម្រ និងមែកផ្សាំ។ ដូចគ្នានេះផងដែរ ទីតាំងនៃការផ្សាំនៅលើដើមនៃមែកផ្សាំនេះ អាចត្រូវបានលៃតម្រូវ ដើម្បីទទួលបានការផ្គូផ្គង ឱ្យប្រហាក់ប្រហែលគ្នាបំផុតជាមួយនឹងអង្កត់ផ្ចិតនៃដើមទម្រ ដែលការកាត់ដើមទម្រត្រូវបានធ្វើឡើង។ សម្រាប់ ការងារផ្សាំប៉េងបោះនៅកម្ពុជា យើងបានប្រើការផ្សាំដោយច្រៀកពុះដើមទម្រទាំងស្រុង ដោយទទួលបានលទ្ធផល ល្អ។ ការផ្សាំនៃពូជប៉េងប៉ោះតាមតម្រូវការទីផ្សារ បានផ្សាំលើដើមទម្រនៃប៉េងប៉ោះដែលធន់នឹងជំងឺ ត្រូវបានបង្ហាញ នៅទំព័រ៧។
ការផ្សាំភាគច្រើន រួមទាំងការផ្សាំដោយច្រៀកពុះដើមទម្រ ដែលបានបង្ហាញនៅទីនេះ មានជំហាន ជាមូលដ្ឋានចំនួនបី៖
១. ការរៀបចំដើមទម្រ
២. ការរៀបចំខ្នែង/មែកផ្សាំ
៣. រួមគ្នាជាមួយដើមទម្រ និងខ្នែង/មែកផ្សាំ។
[កំណត់សម្គាល់របស់អ្នកនិពន្ធ: រូបភាពទាំងអស់នៅលើទំព័រនេះ ត្រូវបានបញ្ចូលទៅក្នុងការផ្សព្វផ្សាយរបស់សាកលវិទ្យាល័យ នៃរដ្ឋ Ohio ។]
ការរៀបចំដើមទម្រ
បន្ទាប់ពីគ្រាប់ប៉េងប៉ោះបានដុះ ហើយសំណាបបានដុះពន្លក ត្រូវប្រាកដថា ជ្រើសរើសគំរូដែលមាន សុខភាពល្អបំផុតសម្រាប់ការផ្សាំ ដែលនីមួយៗមានស្លឹកពិតពី ២-៤សន្លឹក (រូបទី៣ ទំព័រទី៧)។ ការប្រើប្រាស់ដើមទម្រ និងមែកផ្សាំ ដែលមានអង្កត់ផ្ចិតដើមស្រដៀងគ្នា នឹងជួយតម្រឹមផ្លូវ (សរសៃនាំរុក្ខរស) នៅកន្លែងតំណភ្ជាប់ផ្សាំ (រូបទី៣ និទី៤)។
កាត់ផ្នែកខាងលើនៃដើមទម្រចេញ ដោយកាត់បញ្ឈិតមួយ។ ផ្នែកខាងលើនៃដើមទម្រត្រូវបានគេយកចេញ ហើយនៅសល់តែដើមប៉ុណ្ណោះ (រូបទី៥ និង៦)។
ក្នៀបរុំត្រូវបានប្រើដើម្បីការពារកន្លែងតំណភ្ជាប់ផ្សាំ។ ប្រសិនបើការប្រើក្នៀបរុំប្លាស្ទិកដែលផលិតដោយខ្លួន ឯង ដាក់វានៅលើផ្នែកដែលនៅសល់នៃដើមទម្រភ្លាមៗ បន្ទាប់ពីកាត់រួច ហើយរុញវាចុះទៅដី (រូបទី៧)។
ធ្វើការកាត់បញ្ឈរនៅចំកណ្តាលដើមទម្រ។ ក្នុងរូបភាពនេះ គេកាត់ជម្រៅប្រហែល ៤ម.ម ដែលត្រូវនឹង ស្នាមរន្ធនៅលើឡាម (រូបទី៨)។
ការរៀបចំខ្នែង/មែកផ្សាំ
យកផ្នែកខាងក្រោមនៃខ្នែង/មែកផ្សាំចេញដោយកាត់ជាពីរ។ កាត់ឫសខ្នែង/មែកផ្សាំ ដោយកាត់ដំបូង។ ធ្វើការកាត់ទីពីរនៅចំណុចដែលអង្កត់ផ្ចិតដើមនៃមែកផ្សាំត្រូវគ្នានឹងអង្កត់ផ្ចិតដើមរបស់ដើមទម្រ (រូបទី៩)។
កាត់តម្រឹមស្លឹកនៃមែកផ្សាំពីរបីស្លឹកចេញ ដើម្បីកាត់បន្ថយការបាត់បង់ទឹក។ ទុកតែស្លឹកតូចមួយ ឬពីរប៉ុណ្ណោះ (រូបទី១០)។
ច្រៀកតម្រឹមផ្នែកខាងក្រោមនៃកូនមែកផ្សាំដើម្បីស៊កបញ្ចូល ដោយច្រៀកតម្រឹមផ្នែកនិមួយៗនៃមែកផ្សាំ។ ថែរក្សាផ្ទៃកាត់ឱ្យស្អាត ហើយកុំប៉ះវានឹងម្រាមដៃរបស់អ្នក (រូបទី១១)។
ភ្ជាប់ខ្នែង/មែកផ្សាំ និងដើមទម្រជាមួយគ្នា
ស៊កបញ្ចូលចុងស្រួចត្រប៉ែតនៃមែកផ្សាំ (រូបទី១២)។ ដាក់រុំក្នៀបបប្លាស្ទិចពីគល់ដើមនៃដើមទម្រឡើងលើ ហើយដាក់ក្នៀបរុំជុំវិញកន្លែងតំណភ្ជាប់ផ្សាំ។ ការដាក់រុំបំពង់ក្នៀបហ្នឹងដោយខ្លួនឯង ត្រូវបានបង្ហាញក្នុងរូបទី១៣។ ប្រសិនបើក្នៀបរុំសម្រាប់ផ្សាំមានលក្ខណៈជាពាណិជ្ជកម្មកំពុងត្រូវបានប្រើប្រាស់ សូមអនុវត្តវាទៅកន្លែងតំណភ្ជាប់ ផ្សាំនៅពេលនេះ។
ការថែរក្សារុក្ខជាតិដែលផ្សាំរួច
ដាក់រុក្ខជាតិដែលទើបនឹងផ្សាំរួច (រូបទី១៤ ទំព័រ៨) ទៅក្នុងកន្លែងដែលមានលក្ខណៈផាសុខភាព (រោងសម្រាប់ដាក់រុក្ខជាតិបន្ទាប់ពីផ្សាំរួច-ស៊ែរ) ឱ្យបានឆាប់តាមដែលអាចធ្វើបានបន្ទាប់ពីការផ្សាំរួច។ កន្លែងដែល មានលក្ខណៈផាសុខភាពមួយ គឺជារចនាសម្ព័ន្ធគ្របដណ្តប់ តូចមួយ ដែលត្រូវបានរចនាឡើងដើម្បីរក្សាសំណើម ខ្ពស់ និងកាត់បន្ថយអាំងតង់ស៊ីតេពន្លឺ ដើម្បីកាត់បន្ថយការ ឡើងកំដៅខណៈពេលដែលរុក្ខជាតិដែលបានផ្សាំហើយ មានសុខភាពល្អ (រូបទី១៥)។ គោលបំណងដំបូងនៃកន្លែង ដែលមានលក្ខណៈផាសុខភាពនោះ គឺដើម្បីកាត់បន្ថយ ការបាត់បង់ទឹកពីខ្នែង/មែកផ្សាំ។ បន្ទះផ្លាស្ទិចថ្លាត្រូវបានប្រើ ដើម្បីរក្សាសំណើមដែលហួតចេញពីកន្ទោងដែល ពោរពេញដោយទឹក ឬកន្លែងផ្ទុកទឹកដែលដាក់នៅកម្រាលនៃកន្លែងដែលស្តុកកូនស្ទុម។ កន្លែងដែលស្តុកកូនស្ទុម ត្រូវបានគ្របដោយប្លាស្ទិកខ្មៅ ដើម្បីកាត់បន្ថយការជ្រៀតចូលនៃពន្លឺ។ សំណាញ់ម្លប់ដាក់គ្របពីលើក៏អាចត្រូវបាន ប្រើដើម្បីកាត់បន្ថយពន្លឺ និងអនុញ្ញាតឱ្យមានចរន្តខ្យល់ល្អ។ អាំងតង់ស៊ីតេពន្លឺ អាចត្រូវបានគ្រប់គ្រងតាមតម្រូវការ ដោយការបន្ថែម ឬការយកចេញនៃសំណាញ់ម្លប់ហ្នឹង។ ការផ្លាស់ប្តូរកន្លែងដាក់កូនស្ទុមទៅក្រោមម្លប់ធម្មជាតិ ក៏អាចកាត់បន្ថយតម្រូវការសម្រាប់ការដាក់ម្លប់សិប្បនិម្មិតផងដែរ។ ទំហំ និងការរចនាកន្លែងដែលមានលក្ខណៈ ផាសុខភាព អាស្រ័យលើទំហំនៃការផលិតរុក្ខជាតិផ្សាំ។ កសិដ្ឋានតូចមួយ ឬអ្នកធ្វើសួនតាមផ្ទះ អាចបង្កើតកន្លែង ដែលមានលក្ខណៈផាសុខភាពតូចមួយ ពីបន្ទះបណ្តុះកូនរុក្ខជាតិមួយ កន្លែងបណ្តុះកូនរុក្ខជាតិដោយគ្របផ្លាស្ទិចមួយ ថង់ប្លាស្ទិកមួយ ឬសូម្បីតែពែងប្លាស្ទិកតែមួយក៏អាចធ្វើបានដែរ។
ក្នុងអំឡុងពេលសប្តាហ៍ដំបូងបន្ទាប់ពីការផ្សាំ ខ្នែង/មែកផ្សាំមិនអាចទទួលបានទឹកពីដើមទម្រទេ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការថែរក្សាលក្ខខណ្ឌបរិស្ថានឱ្យបានត្រឹមត្រូវ ដើម្បីការពារការបាត់បង់ទឹក ពីខ្នែង/ មែកផ្សាំ និងជំរុញការផ្ស៊ីគ្នានៅកន្លែងផ្សាំបានយ៉ាងឆាប់រហ័ស។ វាត្រូវចំណាយពេលជាមធ្យមពី ៧ទៅ១០ថ្ងៃ បន្ទាប់ពីការផ្សាំដើមទម្រ និងខ្នែង/មែកផ្សាំ ដើម្បីបង្កើតតំណភ្ជាប់សរសៃរុក្ខរស និងរហូតដល់ ១៤ថ្ងៃ សម្រាប់ ផ្សាភ្ជាប់កន្លែងផ្សាំដើម្បីឱ្យផ្ស៊ីគ្នាបានទាំងស្រុង អាស្រ័យលើទីតាំង និងសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រង សីតុណ្ហភាព សំណើម និងពន្លឺ (រូប១៦)។
ក្នុងកំឡុងសប្តាហ៍ដំបូងនៃការផ្ស៊ីគ្នាកន្លែងផ្សាំ ការថែរក្សាសំណើមលើសពី ៩០% និងសីតុណ្ហភាព ប្រហែល ២១-២៧/២៩°C យប់/ថ្ងៃលេចឡើងប្រសើរបំផុត។ ផលប៉ះពាល់នៃកម្រិតពន្លឺ គឺដោយផ្ទាល់ និងដោយប្រយោល ហើយត្រូវតែគិតដោយប្រុងប្រយ័ត្ន។ អាំងតង់ស៊ីតេពន្លឺខ្ពស់អាចផ្តល់អត្ថប្រយោជន៍ដល់ ដំណើរការផ្ស៊ីគ្នានៃកន្លែងផ្សាំ ប្រសិនបើសំណើម និងសីតុណ្ហភាពអាចរក្សាបាននៅកម្រិតគោលដៅ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងអាកាសធាតុត្រូពិច សីតុណ្ហភាព និងកម្រិតពន្លឺជាធម្មតាខ្ពស់ ហើយការប្រើម្លប់ គឺត្រូវបានតម្រូវ ដើម្បីកែសម្រួលសីតុណ្ហភាព និងសំណើមបរិយាកាស។
ចាប់ពីសប្តាហ៍ទី២ នៃការផ្ស៊ីគ្នាកន្លែងផ្សាំ សំណើមបរិយាកាសអាចត្រូវបានធ្លាក់ចុះបន្តិចម្តងៗ ខណៈពេល ដែលកម្រិតពន្លឺគួរតែត្រូវបានកើនឡើងដោយការដកផ្លាស្ទិកខ្មៅ និង/ឬសំណាញ់ម្លប់ចេញ។ ដំណើរការនេះធ្វើឱ្យ រុក្ខជាតិដែលផ្សាំ បន្ស៊ាំនឹងអាកាសធាតុថ្មី នៅក្នុងលក្ខខណ្ឌក្រោមព្រះអាទិត្យពេញលេញនៅទីវាល។
ការយកកូនរុក្ខជាតិដែលផ្សាំទៅដាំ/ស្ទូងនៅទីវាលចម្ការ
ទោះបីជាខ្នែង/មែកផ្សាំ និងដើមទម្របង្កើតការផ្ស៊ីគ្នានៃសរសៃររុក្ខរសប្រហែល ៧ថ្ងៃក៏ដោយ វាអាច ចំណាយពេលរហូតដល់ ១៤ថ្ងៃ ពីការផ្សាំ សម្រាប់ធ្វើឱ្យមានការផ្ស៊ីគ្នានៅកន្លែងផ្សាំនោះ (រូបទី១៦)។
បន្ទាប់ពីយករុក្ខជាតិចេញពីរោងដាក់រុក្ខជាតិបន្ទាប់ពីផ្សាំមក (ស៊ែរ) ដាក់វាឱ្យផ្ស៊ាំនឹងអាកាសធាតុនៅក្នុង ទីតាំង ដែលមានម្លប់ការពារពីខ្យល់រយៈពេល ៥-៧ថ្ងៃ មុនពេលស្ទូងនៅទីវាល។ វាក៏មានប្រយោជន៍ផងដែរ ក្នុងការដាក់វាឱ្យត្រូវពន្លឺព្រះអាទិត្យដោយផ្ទាល់ពីរទៅបីម៉ោងមុនពេលស្ទូង។ កែសម្រួលកាលវិភាគនេះប្រសិនបើ ចាំបាច់ ដើម្បីកុំឱ្យរុក្ខជាតិតានតឹងនៅពេលដែលដាំវាទៅក្នុងបរិយាកាសវាល។
នៅពេលស្ទូង ឬដាំនៅទីវា ត្រូវប្រាកដថាកន្លែងតំណផ្សាំហ្នឹងវានៅពីលើផ្ទៃដី (រូបទី១៧)។ ប្រសិនបើកន្លែង តំណផ្សាំហ្នឹងត្រូវបានកប់ដីនោះ ខ្នែង/មែកផ្សាំនឹងចាក់ឬសចូលទៅក្នុងដី ហើយគុណសម្បត្តិណាមួយដែលនឹងត្រូវ បានផ្តល់ដោយដើមទម្រ ដូចជាភាពធន់នឹងជំងឺដែលបណ្តាលមកពីដី នឹងត្រូវចាត់ទុកជាមោឃៈ។
នៅពេលដែលរុក្ខជាតិដែលផ្សាំនោះដុះលូតលាស់ហើយ សូមពិនិត្យមើល និងដកខ្នែងណាដែលដុះនៅលើដើមទម្រចេញ ហើយក៏ដកឫសដែលកើតចេញពីខ្នែង/មែកផ្សាំនោះផងដែរ។ ដើម្បីបងា្ករការឆ្លង ជំងឺពីដី ជាលិកា របស់ខ្នែ/មែកផ្សាំ មិនត្រូវប៉ះនឹងដីឡើយ។ ត្រូវធ្វើគម្របដីឱ្យបានច្រើនបន្ទាប់ពីស្ទូង/ដាំរួច ដើម្បីកាត់បន្ថយការឃ្ទាតដីមកលើដើមពេលមានភ្លៀងធ្លាក់ ឬស្រោចស្រព។ រុក្ខជាតិដែលផ្សាំគួរត្រូវរឹងមាំពីពីរទៅបីសប្តាហ៍បន្ទាប់ពី ស្ទូង។ វាមានសារៈសំខាន់ខ្លាំងណាស់ ដែលរុក្ខជាតិត្រូវបានចងដោយសុវត្ថិភាព ដើម្បីឱ្យវារឹងមាំ។ នេះនឹងការពារ ដើមរុក្ខជាតិពីការរអិលចុះក្រោម ហើយដើមនៃខ្នែង/មែកផ្សាំប៉ះដី។
សេចក្តីសន្និដ្ឋាន
ការធ្វើពិពិធកម្មកសិដ្ឋានខ្នាតតូច មានសារៈសំខាន់ចំពោះការបង្កើតប្រព័ន្ធអាហារដែលធន់ទ្រាំ ជាពិសេស នៅក្នុងប្រទេសដូចជាប្រទេសកម្ពុជា ដែលងាយរងគ្រោះខ្លាំងចំពោះជំងឺ ដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។
បច្ចេកវិជ្ជានៃការផ្សាំបន្លែ អាចជាវិធានដ៏មានសារៈប្រយោជន៍មួយ ក្នុងការកែលម្អសន្តិសុខស្បៀងនៅពេលជួបបញ្ហា ដ៏លំបាកបំផុតមួយក្នុងមួយឆ្នាំៗ។ លើសពីនេះ ការផលិតបន្លែតាមផ្ទះ និងទីផ្សារ នៅតែជាសហគ្រាសស្រ្តីនៅ កម្ពុជា។ ការអភិវឌ្ឍ 'កញ្ចប់ឧបករណ៍ផលិតកម្មបន្លែរដូវវស្សា' រួមទាំងការផ្សាំប៉េងប៉ោះ ជំរុញការពង្រឹងសិទ្ធិអំណាច របស់ស្ត្រីតាមរយៈការបង្កើនលទ្ធភាពទទួលបានទីផ្សារ និងការចូលរួម (រូបទី១៨)។ ការផលិតប៉េងប៉ោះដែលផ្សាំ ផ្តល់នូវចំណុចចូលទៅក្នុងទីផ្សារផលិតផលក្នុងស្រុក ដែលរកកម្រៃបានសម្រាប់កសិករស្ត្រីខ្នាតតូចនៅរដូវវស្សា ហើយមានសក្តានុពលក្នុងការកែលម្អទាំងអាហារូបត្ថម្ភ និងផលសេដ្ឋកិច្ច។ ប្រាក់ចំណូលបន្ថែមក្នុងគ្រួសារពីការ កើនឡើងនៃការចូលរួមនៃទីផ្សារ ក៏ទទួលបានសក្តានុពលក្នុងការផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់កុមារតាមរយៈ ការកែលម្អលទ្ធភាពទទួលបានការអប់រំ ការថែទាំសុខភាព និងអាហារបំប៉ន។
សំណួរតាមដានបន្តលើប្រធានបទនេះ អាចត្រូវបានដាក់នៅលើអ៊ីនធឺណិតនៅក្នុងវេទិកា 'វេទិកានៃការ ផ្សាំប៉េងប៉ោះនៅលើការសន្ទនាសហគមន៍អេកូ’។ យើងសូមអញ្ជើញអ្នកផងដែរ ដើម្បីចែករំលែកបទពិសោធន៍ របស់អ្នក (ភាពជោគជ័យ ឬភាពបរាជ័យ) និងគន្លឹះសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃនៅក្នុងបណ្តាញអេកូនៅអាស៊ី និងលើសពីនេះ។
ឯកសារយោង
Bates, R. 2018. Vegetable Grafting Basics – Presentation Slides. Myanmar Seed Saving Workshop. January 16-18, 2018. Pathein, Myanmar. Available: https://www.echocommunity.org/en/resources/15b2a737-5f6e-42ac-b105-8ae9d6476d48
Kleinhenz, M., Soltan, M., Short, S., and Hu, B. Grafting Guide: A Pictoral Guide to the Cleft and Splice Graft Methods for Tomato and Pepper. 3rd Edition. Ohio State University Extension.
Grafting: Galleries, Publications, Recordings, Tools. The Ohio State University, Vegetable Produc- tion Systems Laboratory. Available: http://u.osu.edu/vegprolab/research-areas/grafting-2/
Palada, M., Wu, D. 2013. Grafting Sweet Peppers for Production in the Hot-Wet Season. International Cooperators’ Guide. AVDRC – The World Vegetable Center. Taiwan. Available: https://www.echocommunity.org/en/resources/44ae893c-cb34-4815-bc1c-b19ad7bbf795